តៃវ៉ាន់ ថា WHO គួរតែអនុញ្ញាតឱ្យខ្លួនចូលរួមគ្រប់កិច្ចប្រជុំទាំងអស់

(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានអំពាវនាវនៅថ្ងៃពុធនេះ ដល់អង្គការសុខភាពពិភពលោក (WHO) អនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមគ្រប់កិច្ចប្រជុំ ទាំងអស់របស់ WHO ប្រសិនបើគិតគូរយ៉ាងពិតប្រាកដអំពីគោលដៅ «សុខភាពសម្រាប់មនុស្សគ្រប់រូប»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ថ្មីៗនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានលើកឡើងថា វាជាកំហុសរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលមិនអាចឱ្យកោះនេះចូលរួមមហាសន្និបាត សុខភាពពិភពលោក (WHA) ខណៈរដ្ឋបាលនៃកោះតៃវ៉ាន់ថា ទីក្រុងប៉េកាំងគ្មានសិទ្ធិនិយាយជំនួសពួកគេទេ។

ថ្លែងទៅកាន់សភា លោក Wu និយាយថា ប្រមុខ WHO គួរតែទទួលយកគំនិតផ្តួចផ្តើមអញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតក្នុងខែនេះ ក្នុងនាមជាអ្នកសង្កេតការណ៍។ WHO ក៏គួរតែអនុញ្ញាឱ្យតៃវ៉ាន់ ចូលរួមយ៉ាងពេញលេញនៅគ្រប់កិច្ចប្រជុំសកម្មភាពនានា និងប្រព័ន្ធរបស់ខ្លួន ដើម្បីឱ្យស្របតាមធម្មនុញ្ញរបស់ WHO ដែលថាបញ្ហាសុខភាពគឺជា មូលដ្ឋានរបស់មនុស្សគ្រប់ៗរូប៕