រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អំពាវនាវឲ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតមនុស្ស

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីក៏មានការអញ្ជើញចូលពីលោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងមានការសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ និងលោកគ្រូ អ្នកគ្រូពេទ្យ សរុប៤០០នាក់ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃក្រសួងអធិការកិច្ចដែលបានចូលរួមបរិច្ចាគឈាមនៅពេលនេះ។ លោករដ្ឋមន្ដ្រី បានអំពាវនាវឲ្យបន្ដសកម្មភាពបែបនេះ ដោយយល់ឃើញថា ការបរិច្ចាគឈាម គឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។

សូមបញ្ជាក់ថា ការប្រារព្ធពិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ចនៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយនេះជាលើកទី១ ដែលក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីសប្បុរសនេះឡើង គឺដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខភាពរបស់មន្រ្តីរាជការផង ដែលជាទានដ៏ល្អប្រពៃ ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា៕