សម្តេចធិបតី ហ៊ុន ម៉ាណែត​ ផ្ញើសារចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់លោកស្រី ឈឹម ប៉ែននីឡា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវសមាន​ទុក្ខ​យ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកស្រី ឈឹម ប៉ែននីឡា ដែលត្រូវជាជីដូនរបស់សម្តេច។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក ឈួន សុធី ជាស្វាមី ព្រមទាំងក្រុមគ្រួសារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សម្តេច និងភរិយា មានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា បន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោកស្រី ឈឹម ប៉ននីឡា

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមរំលែកទុក្ខ និងសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌​យ៉ាងជ្រាល​ជ្រៅបំផុត។ សម្តេចធិបតី ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា ជាការបាត់​បង់ភរិយា ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្ដុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី រួមនឹងញាតិមិត្ត ជិតឆ្ងាយទាំងអស់ជាទីស្រលាញ់។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ឈឹម ប៉ែននីឡា ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ដោយរោគាពាធ។ បច្ចុប្បន្នសពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី៕