(ហ្សឺណែវ)៖ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយថា រថយន្តសម្រាប់ដឹកសាកសព និងអ្នកឃុំខ្លួន មកពីអ៉ីស្រាអែលត្រលប់ទៅកាន់តំបន់ហ្គាហ្សាវិញ ឆ្លងកាត់ច្រក Kerem Shalom តែងតែមានផ្ទុកនូវជំនួយជាប្រចាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។
លោក Lazzarini ប្រធាន UNRWA បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្គាហ្សា មានភាពប្រសើរឡើងនៅក្នុងខែមេសា ប៉ុន្តែមានលំបាកខ្លះដោយសារតែអ៉ីស្រាអែល កំពុងបោះបង់ចោលអ្នកជាប់ឃុំដែលត្រូវបានដោះលែង ឬពេលខ្លះក៏មានសាកសព ដែលត្រូវបាននាំយកទៅអ៉ីស្រាអែល ហើយបញ្ជូនត្រលប់មកតំបន់ហ្គាហ្សាវិញ។ ថ្ងៃនេះ មានរថយន្តដឹកទំនិញជាង ១៥០គ្រឿងដែលអ៉ីស្រាអែលធ្វើការពិនិត្យនៅឯច្រក Kerem Shalom មិនត្រូវបានទទួលដោយទីភ្នាក់ងាររបស់ UN នៅឡើយ។
អ្នកនាំពាក្យរបស់ UNRWA លោកស្រី Juliette Touma បានឱ្យដឹងថា អ៉ីស្រាអែលបានដឹកសាកសព ២២៥នាក់មកតំបន់ហ្គាហ្សាតាមកុងតឺន័រ ៣គ្រឿង ចាប់តាំងពីខែធ្នូ បន្ទាប់មកត្រូវបញ្ជូនបន្តដោយទីភ្នាក់ងារ UN ទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់ដើម្បីបញ្ចុះ និងមានការបិទផ្លូវឆ្លងកាត់ជាបណ្តោះអាសន្ន។ ដោយមិនលើកឡើងអំពីការស្លាប់របស់ពួកគេ លោកស្រីថា វាមិនមែនជាកាតព្វកិច្ចរបស់ UNRWA ក្នុងការស៊ើបអង្កេតនោះទេ៕