(ភ្នំពេញ)៖ នាសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ECOSOCC) និងធនាគារពិភពលោក (WB) ដោយមានការចូលរួមជាអធិបតីពីសំណាក់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តមួយចំនួន, ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជិត៥០០នាក់។
ក្នុងឱកាសនេះ លោក វង្សី វិស្សុត បានបញ្ជាក់ថាប្រទេសកម្ពុជា ដូចជាប្រទេសកំពុងអភិវឌ្ឍភាគច្រើន ដែលពឹងផ្អែកលើវិស័យកសិកម្ម កំពុងទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង បាតុភាព El Nino កន្លងទៅនេះ គឺជាបាតុភាពអាកាសធាតុមួយដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ប៉ុន្តែប្រទេសផ្សេងៗទៀត ក៏កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដែលក្នុងនោះរួមមាន បញ្ហាពាក់ព័ន្ធនឹងការកើនឡើងនៃកម្ដៅ គ្រោះរាំងស្ងួត បញ្ហាសន្តិសុខស្បៀង និងថាមពលជាដើម។ ហើយកត្តាទាំងនេះ គឺជាកត្តារាំងស្ទះសំខាន់មួយដែលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងចក្ខុវិស័យ ២០៣០ និងចក្ខុវិស័យ២០៥០។
ជាគោលជំហរក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ លោក វង្សី វិស្សុត បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា មិនមែនជាប្រទេសបង្កផលប៉ះពាល់ធ្ងន់ធ្ងរធៀបនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ប្រទេសកម្ពុជានៅតែមានឆន្ទៈខ្ពស់ ក្នុងការរួបរួមជាមួយនឹងប្រទេសដទៃទូទាំងសកលលោក ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពជាក់ស្តែង សម្រាប់ឆ្លើយតប និងគ្រប់គ្រងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
លោក វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកៀរគរកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ (comprehensive solutions) ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការលើកកម្ពស់សមត្ថភាពស្ថាប័ន (institutional capacity) និងការសម្របសម្រួលអន្តរស្ថាប័ន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីគាំទ្រដល់វិស័យពាក់ព័ន្ធ ដូចជាការសិក្សាស្រាវជ្រាវអំពីថាមពលស្អាត, ប្រសិទ្ធភាពថាមពល, ការការពារព្រៃឈើ និងដាំដើមឈើឡើងវិញ, ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង (green economy) គួបផ្សំជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឆ្លើយតបនិងគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ។
ផ្អែកលើគោលជំហរនេះ លោក វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេសដទៃ ក្នុងការទប់ស្កាត់ផលប៉ះពាល់នានា ជាពិសេសគ្រោះធម្មជាតិ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ក្នុងស្មារតីនេះ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបានកំណត់ផែនទីចង្អុល ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០រៀងគ្នា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកាត់បន្ថយផលប៉ះពាល់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ចីរភាពបរិស្ថាន ក៏ដូចជាការគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងជាដើម ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់មួយសម្រាប់ប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងការការពារបរិស្ថានត្រូវតែដើរទន្ទឹមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាព សម្រាប់ប្រជាជនជំនាន់ក្រោយ។ ហេតុនេះ ក្រៅពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តនូវ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ជាដើម ដែលសុទ្ធតែឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់កម្ពុជាផ្ទាល់ លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការស្វែងរកនូវតុល្យភាពសមស្របមួយរវាងការអភិវឌ្ឍ និងការឆ្លើយតបនឹងការប្រែប្រួលអកាសធាតុ។ ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់អនុសាសន៍ចំនួន៩ចំណុចដល់អង្គសិក្ខាសាលា ដើម្បីចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា រួមមាន៖
*ទី១៖ ភ្នាក់ងារស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ការធ្វើផែនការ និងថវិកាការអនុវត្តព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
*ទី២៖ បន្តបង្កើត និងពង្រឹងច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងបរិស្ថាន ទឹក គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការទូតបៃតងដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តរភាព និងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
*ទី៣៖ ពង្រឹងការចុះសម្រុងគ្នា និងការរួមបញ្ចូលគម្រោងទាក់ទងនឹងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការធ្វើផែនការ និងថវិកាពីប្រភពក្នុងស្រុក និងខាងក្រៅដើម្បីធានាបាននូវការតម្រឹម និងភាពស៊ីសង្វាក់គ្នាជាមួយការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជា ដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០
*ទី៤៖ បន្តលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងអាកាសធាតុឆ្លាតវៃ និងបៃតង តាមរយៈការពិចារណាលើការអនុវត្តការយកពន្ធកាបូន និងការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានបៃតង និងការវិនិយោគ
*ទី៥៖ ជំរុញ និងប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យធំៗ ដូចជាថាមពលកកើតឡើងវិញ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី កសិកម្ម និងការគ្រប់គ្រងទឹក
*ទី៦៖ បន្តលើកកម្ពស់គម្រោងប្រព័ន្ធធារាសាស្រ្តការពារអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់កសិកម្មឆ្លាតវៃ ក្នុងគោលបំណងជំរុញផលិតភាពកសិកម្ម បង្កើនភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Green House Gases) តាមរយៈការវិនិយោគលើបច្ចេកវិទ្យា គ្រាប់ពូជធន់នឹងអាកាសធាតុ និងបច្ចេកទេសកសិកម្ម
*ទី៧៖ បន្តលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃភាពធ្ងន់ធ្ងរ នៃផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួនរបស់សាធារណជនជាពិសេសកសិករ និងអ្នកវិនិយោគ
*ទី៨៖ បន្តប្រមូលហិរញ្ញប្បទានពីខាងក្រៅ ដើម្បីវិនិយោគលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
*ទី៩៖ ពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក វង្សី វិស្សុត ក៏បានបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងស្វាគមន៍រាល់ការគាំទ្រ និងការចូលរួមពីដៃគូនានា។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម «គិតគូរជាសកល និងធ្វើសកម្មភាពដោយផ្ទាល់នៅនឹងកន្លែង» (Think globally act locally) ផងដែរ។
ថ្លែងនៅក្នុងពិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបគោលនយោបាយ» នាពេលនោះដែរ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលត្រូវយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្នានទាំងអស់ ហើយសិក្ខាសាលានាថ្ងៃនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ៕