(បាងកក)៖ ព្រឹត្តប័ត្រព្រះរាជវាំងថៃ ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា មន្រ្តីការទូតចូលនិវត្តន៍លោក Maris Sangiampongsa ត្រូវបានអនុម័តយល់ព្រម ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីការបរទេសថ្មី ដោយព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។
លោក Maris អាយុ៦៥ឆ្នាំ គឺជាអតីតឯកអគ្គរាជទូតថៃប្រចាំប្រទេសអូស្រ្តាលី និងកាណាដា ហើយជាទីប្រឹក្សារបស់ប្រមុខការទូតចាស់ លោក Parnpree Bahiddha-Nukara ដែលបានលាលែងពីតំណែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីរូបលោកបានបាត់បង់ ឋានៈជាឧបនាយករដ្ឋមន្រ្តី ក្នុងការរុះរើគណៈរដ្ឋមន្រ្តី។
ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសនេះកើតមានឡើង ចំពេលវេលាសំខាន់មួយ គឺខណៈដែលប្រទេសថៃ បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីព្យាយាមជួយដោះស្រាយ វិបត្តិនៅប្រទេសជិតខាងខ្លួន គឺមីយ៉ាន់ម៉ា ជាទីដែលសង្រ្គាមស៉ីវិលកំពុងកើនឡើងកម្តៅខ្លាំង រវាងរបបសឹក និងសម្ព័ន្ធភាពនៃក្រុមចលនាតស៊ូប្រឆាំងរដ្ឋាភិបាលយោធា៕