នាយករដ្ឋមន្រ្តីអង់គ្លេស រំពឹងថានឹងធ្វើឱ្យទំនាក់ទំនងការពារជាតិ កាន់តែស៉ីជម្រៅ ក្នុងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់

(បែរឡាំង)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak នឹងត្រូវជួបអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដែលទន្ទឹងរង់ចាំជាយូរមកហើយ ទៅកាន់ទីក្រុងបែរឡំាង ដោយមេដឹកនាំអង់គ្លេសរំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការស​ន្តិសុខកាន់តែស៉ីជម្រៅ បន្ទាប់ពីទីក្រុងឡុងដ៍ ប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

បើតាមរដ្ឋាភិបាលអង់គ្លេស លោក Sunak និងលោក Scholz គ្រោងប្រកាសពីផែនការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ RCH 155 ហើយពិភាក្សាគ្នាអំពីកិច្ចសហការលើគម្រោងថាមពល រួមទាំង ការវិនិយោគផ្នែកថាមពលរបស់អាល្លឺម៉ង់ផងដែរ។ លោក Sunak បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ គឺជាមហាអំណាចអឺរ៉ុប។ ការរួបរួមគ្នា នឹងធ្វើឱ្យ យើងកាន់តែរឹងមាំ មិនថាលើការការពារខ្លួនប្រឆាំងរុស្ស៉ី ជំរុញកំណើនសេដ្ឋកិច្ច ឬការរីកចម្រើនផ្នែកបច្ចេកវិទ្យានោះទេ»។ លោក Sunak បន្ថែមថា «ក្នុងបរិបទដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកនេះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កំពុងឈរនៅក្បែរគ្នាដើម្បីការពារសន្តិសុខ វិបុលភាពជាតិ និងនៅទូទាំងតំបន់របស់យើង»៕