UN អំពាវនាវឱ្យមានការស៉ើបអង្កេតអន្តរជាតិ ជុំវិញការរកឃើញផ្នូរបញ្ចុះសព នៅមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សា

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានចេញការអំពាវនាវមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ឱ្យមានការស៉ើបអង្កេតជាអន្តរជាតិទៅលើសេចក្តីរាយការណ៍អំពីផ្នូរបញ្ចុះសពដ៏ធំ ត្រូវបានគេ ប្រទះឃើញនៅឯមន្ទីរពេទ្យធំៗចំនួន២ របស់តំបន់ហ្កាហ្សាដែលរងការបំផ្លាញ ក្រោយកងកម្លាំងអ៉ីស្រាអែលឡោមព័ទ្ធទីនោះ ដោយនិយាយថាអាចមានការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

ការិយាល័យសិទ្ធិមនុស្សរបស់ UN បានបរិយាយថា វាគួរឱ្យ «រន្ធត់» បើមើលលើការបំផ្លិចបំផ្លាញនៃមន្ទីរពេទ្យ Al-Shifa នៅក្នុងទីក្រុងហ្កាហ្សា (Gaza City) និងមន្ទីរពេទ្យ Nasser Medical Complex នៅក្នុងទីក្រុង Khan Younis។ ការិយាល័យសិទ្ធិមនុស្ស UN ទាមទារឱ្យមាន «ការស៊ើបអង្កេតឯករាជ្យប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជុំវិញមរណភាពនោះ»។ បើតាម សេចក្តីថ្លែងការណ៍របស់ប្រធានការិយាល័យសិទ្ធិមនុស្ស UN លោក Volker Turk «ដោយមើលឃើញនូវបរិយាកាសនៃនិទណ្ឌភាពនេះ គួរតែមានក្រុមអន្តរជាតិចូលរួមក្នុងការស៉ើបអង្កេត»។

គួរបញ្ជាក់ថា មន្ទីរពេទ្យ ដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ បានស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលម្តងហើយម្តងទៀត អំឡុងសង្រ្គាមជាង ៦ខែនៅហ្កាហ្សា។ អ៉ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថាបានប្រើប្រាស់មន្ទីរពេទ្យ ធ្វើជាទីបញ្ជាការកណ្តាលរបស់ខ្លួន និងលាក់ចំណាប់ខ្មាំង។ តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នោះ៕