សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងមន្ត្រីជាន់ខ្ពសចិន៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់ និងសកលលោក

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងជាប្រពៃណីដ៏ល្អកម្ពុជា-ចិន ដែលបានពូនជ្រំឡើងដោយព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំចិន មានលោកប្រធាន ម៉ៅ សេទុង និងលោក ជូ អេនឡាយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក ចាង ឈីងលី បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រទេសទាំងពីរ ត្រូវបានបន្តថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ មានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោក ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេស និងប្រជាជនទាំងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែមកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឈីងលី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន» ហើយបានរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

លោក ចាង ឈីងលី បានថ្លែងអំណរគុណជូនសម្តេចរដ្ឋសភាធិបតី ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត។ លោកបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថាចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពទំហំពាណិជ្ជកម្មកម្ពុជា និងចិននាពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ដែលបានកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។

សម្តេចប្រធានរដ្ឋសភាបានស្នើដល់ភាគីចិន ជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន មកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញមិត្តចិនមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ផងដែរ៕