(ហាណូយ)៖ លោក Tran Qui Thanh ប្រធានគណៈប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ប្រទេសវៀតណាម Tan Hiep Phat ហើយនិងកូនស្រី២នាក់ របស់លោក បានបង្ហាញខ្លួននៅសវនាការនាថ្ងៃអង្គារនេះ សម្រាប់ដំណើរការចាប់ផ្តើមជំនុំជម្រះក្តី ពាក់ព័ន្ធទៅនឹងរឿងឆបោកយកទ្រព្យសម្បត្តិអ្នកដទៃ តាមរយៈការរំលោភលើ សេចក្តីជឿទុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន VnExpress នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។
លោក Thanh អាយុ៧១ឆ្នាំ រួមជាមួយកូនស្រីឈ្មោះ Tran Uyen Phuong អាយុ៤៣ឆ្នាំ និងឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ជាប់សង្ស័យពី បទបោកប្រាស់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុប១.០៤៨ទ្រីលានដុង ឬស្មើនឹង៤១.២លានដុល្លារអាមេរិក ពីកូនបំណុលរបស់ខ្លួន។ អ្នកទាំង៣ ត្រូវបានចោទប្រកាន់ថា ឆបោកយកទ្រព្យពីបុគ្គល៤រូប ក្នុងនោះរួមមានគម្រោងអចលនទ្រព្យចំនួន២ ហើយនិងដីឡូតិ៍សរុប៣៥កន្លែង។
លោកស្រី Phuong មានតួនាទីជានាយករងប្រតិបត្តិនៃក្រុមហ៊ុន Tan Hiep Phat រីឯលោកស្រី Bich ជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ កាលពីចន្លោះខែមករា ឆ្នាំ២០១៩ និងខែវិច្ឆិកា ឆ្នាំ២០២០ លោក Thanh និងកូនស្រី បានផ្តល់កម្ចីជាច្រើនដល់អ្នកដទៃ ក៏ប៉ុន្តែក្នុងកិច្ចសន្យាខ្ចីប្រាក់ទាំងនោះ តម្លៃនៃទ្រព្យដែលត្រូវបានដាក់បញ្ចាំ គឺត្រូវបានទម្លាក់តម្លៃទាបខ្លាំង ធៀបនឹងតម្លៃពិតប្រាកដ។ កូនបំណុលបានគិតថា ទ្រព្យបញ្ចាំទាំងនោះ ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន Tan Hiep Phat ប៉ុន្តែតាមពិត គឺពួកវាត្រូវបានផ្ទេរឱ្យទៅលោក Thanh ផ្ទាល់ ដោយសារតែមានការក្លែងបន្លំឯកសារ ក្រោមការជួយពីកូនស្រីរបស់លោក។ សូម្បីតែនៅពេលអ្នកខ្ចីប្រាក់ទាំងនោះ បានទូទាត់សងអស់គ្រប់គ្រាន់ ទាំងជាមួយការប្រាក់ក៏ដោយ លោក Thanh តែងយកលេសផ្សេងៗ ដើម្បីបដិសេធប្រគល់ទ្រព្យសម្បតិ្តឱ្យម្ចាស់ដើមវិញ។
គួរបញ្ជាក់ថា ប្រសិនបើរកឃើញថា ពិតជាមានទោសមែននោះ ឪពុក-កូនទាំង៣នាក់ នឹងត្រូវប្រឈមការជាប់ពន្ធនាគារចន្លោះ១២-២០ឆ្នាំ។ អ្នកទាំង៣ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីឆ្នាំ២០២៣។ សវនាការជំនុំជម្រះក្តីរបស់ពួកគេ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕