(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលីគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ក្នុងទំហំ៥០.៣ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៣២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ហើយធ្វើកំណែទម្រង់កម្មវិធីអភិវឌ្ឍសព្វាវុធ ដើម្បីផ្តោតជាចម្បងលើមីស៉ីល ដ្រូន និងនាវាចម្បាំង ខណៈទីក្រុងកង់បេរ៉ា កំពុងសម្លឹងមើលលទ្ធភាព នៃការកើតមានឡើងនូវជម្លោះក្នុងតំបន់ប៉ាស៉ីហ្វិក រវាងចិននិងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។
វាគឺជាផ្នែកនៃកញ្ចប់ថវិកាការពារជាតិមានទំហំសរុប៣៣០ពាន់លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេលមួយទសវត្សរ៍ ហើយនឹងធ្វើឱ្យការចំណាយលើវិស័យការពារជាតិ របស់អូស្រ្តាលី កើនដល់២.៤ភាគរយ នៃអត្រា GDP នៅឆ្នាំ២០៣៤ ធៀបនឹងត្រឹម២ភាគរយ នាសព្វថ្ងៃនេះ។ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បាននិយាយថា ការបង្កើនការចំណាយនេះ ឆ្លុះបញ្ចាំងនូវការផ្តោតអាទិភាពថ្មីៗ ដូចជាមីស៉ីលរយៈចម្ងាយឆ្ងាយជាដើម ដែលអូស្រ្តាលីជឿជាក់ថា ជារឿងចាំបាច់ នៅក្នុងពិភពលោកមួយ ដែលប្រសិនបើជម្លោះផ្ទុះឡើងរវាងចិននិងសហរដ្ឋអាមេរិក នោះវាអាចនឹងធ្វើឱ្យក្រឡាប់ចាក់ តំបន់ប៉ាស៉ីហ្វិក៕