(ប៉េកាំង)៖ ថ្លែងនៅទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ក្រោយកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងរួមគ្នាជាមួយចិនបន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ខណៈវាគឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនង ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
លោក Lavrov បានលើកឡើងដូច្នេះថា «ខ្ញុំអរគុណភាគីចិន សម្រាប់ការចូលរួមរំលែកទុក្ខ ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្ម នៅតំបន់មូស្គូ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំនេះ និងសម្រាប់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រុស្ស៉ី ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ កិច្ចសហប្រតិបត្តិការរបស់ពួកយើង ក្នុងកិច្ចប្រឹងប្រែងបង្រ្កាបភេរវកម្ម នឹងនៅតែបន្តទៅមុខ ក្នុងនោះរួមមានទាំង ស្ថិតក្រោមក្របខណ្ឌរបស់ស្ថាប័នអន្តរជាតិ»។
ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេគឺជាអ្នកនៅពីក្រោយ ហេតុការណ៍បាញ់ប្រហារភេរវកម្មយ៉ាងកក្រើក ក្នុងសាលប្រគំតន្រ្តីមួយកន្លែង នៅជាយទីក្រុងមូស្គូ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច១៤៤នាក់ បាត់បង់ជីវិត ប៉ុន្តែខាងរុស្ស៉ីបានអះអាងថា បើតាមការជឿជាក់របស់ខ្លួន គឺអ៊ុយក្រែនទំនងជាអ្នកពីក្រោយពិតប្រាកដ នៃការវាយប្រហារនោះ។ យ៉ាងណាមិញ រុស្ស៉ីមិនបានផ្តល់ភស្តុតាង សម្រាប់អំណះអំណាងបែបនេះឡើយ៕