(បន្ទាយមានជ័យ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបន្ដសហការភាគីថៃ ក្នុងការសម្របសម្រួលជូនពលករកម្ពុជាដែលចេញ និងចូលមកកម្ពុជាវិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសចុះពិនិត្យស្ថានភាព និងជួបសំណេះសំណាលជាមួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបន្តការសម្របសម្រួល និងសហការជាមួយប្រទេសជិតខាងឲ្យពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញដោយរលូន។
បើតាមលោកអភិសន្តិបណ្ឌិត ស សុខា, ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំឲ្យភាគីថៃជួយសម្របសម្រួល ដល់ការវិលត្រឡប់របស់ពលករកម្ពុជាមកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយអនុញ្ញាតិលើកលែងតម្លៃសេវាចេញ-ចូលសម្រាប់ពលករកម្ពុជាដែលធ្វើដំណើរ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើដល់ពលករកម្ពុជានៅពេលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវធ្វើដំណើរដោយសុវត្ថិភាពហើយពេលជួបជុំក្រុមគ្រួសារធ្វើដំណើរកម្សាន្ដត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងពេលចាក់ចេញពីផ្ទះត្រូវពន្លត់ភ្លើងធូបទានឲ្យអស់ និងបិតគុបភ្លើង ទើបអាចចាកចេញពីផ្ទះដើម្បីចូលរួមការពារ និងប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាស លោក ស សុខា ក៏បានជូនពលករកម្ពុជាត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមាណជិត២០០នាក់ បានទទួលអំណោយមាន ក្រម៉ា១ នំប៉័ង១ និងទឹកបរិសុទ្ធជាអាហារសម្រន់ពេលធ្វើដំណើរទៅស្រុកកំណើត៕