លោក ហ្សេលេនស្គី៖ អ៊ុយក្រែននឹងចាញ់សង្រ្គាម បើសភាអាមេរិកមិនព្រមអនុម័តជំនួយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា បាននិយាយថាអ៊ុយក្រែននឹងចាញ់សង្រ្គាមប្រឆាំងរុស្ស៉ី ប្រសិនបើសភាអាមេរិក មិនព្រមអនុម័តជំនួយយោធាថ្មី ដើម្បីបន្តប្រយុទ្ធតទល់នឹងការឈ្លានពានរបស់ទីក្រុងមូស្គូទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិក បាន និងកំពុងរាំងខ្ទប់ការផ្ដល់ជំនួយយោធាថ្មីទំហំរាប់ពាន់ដុល្លារ សម្រាប់អ៊ុយក្រែន អស់រយៈពេលជាច្រើនខែមកហើយ។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាចាំបាច់ណាស់ដើម្បីបញ្ជាក់ប្រាប់ជាពិសេសទៅកាន់ សភាអាមេរិកថាប្រសិនបើសភាមិនព្រមជួយអ៊ុយក្រែនទេ នោះអ៊ុយក្រែនឹងចាញ់សង្រ្គាម»។ តាមលោក ហ្សេលេនស្គី វាពិតជាពិបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធ ដោយគ្មានជំនួយ ហើយប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម ប្រទេសផ្សេងទៀតក៏អាចនឹងទទួលរងការវាយប្រហារផងដែរ។

គួរបញ្ជាក់ថា រុស្ស៉ី បច្ចុប្បន្ន កំពុងបង្កើនការវាយលុកយ៉ាងខ្លាំងលើអ៊ុយក្រែន ជាពិសេសលើទីក្រុង Chasiv Yar ជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីទីក្រុង Kramatorsk ដែលជាទីក្រុងមួយមានប្រព័ន្ធផ្លូវដែក និងភស្ដុភារដ៏សំខាន់មួយសម្រាប់យោធាអ៊ុយក្រែន៕