(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៨ ខែមេសានេះ បានប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ទី២ ផលិតនៅក្នុងស្រុក យកទៅដាក់នៅគន្លងផែនដី បន្ទាប់ពីត្រូវបានបាញ់បង្ហោះចេញនៅឯមជ្ឈមណ្ឌលអវកាសមួយរបស់សហរដ្ឋអាមេរិក ដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ២០២៣ ក៏បានប្រកាសផងដែរពីជោគជ័យនៅក្នុងការយកផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន ទៅដាក់នៅគន្លងផែនដីបាញ់បង្ហោះ ដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9 របស់ក្រុមហ៊ុនលោក Elon Musk។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ផ្កាយរណបស៊ើបការណ៍ទី២ នៃយោធារបស់យើងបានផ្ដាច់ខ្លួនដោយជោគជ័យពីយានបាញ់បង្ហោះនៅម៉ោង ៩៖០២នាទី (ម៉ោងសកល) និងបានចូលទៅដល់គន្លងផែនដី»។ សេចក្ដីថ្លែងការណ៍នេះបន្ថែមថាទៀតថាកូរ៉េខាងត្បូងមានផែនការដើម្បីបញ្ជាក់ថាតើផ្កាយរណបនេះកំពុងធ្វើប្រតិបត្តិការជាធម្មតា ដែរឬក៏យ៉ាងណា តាមរយៈការទំនាក់ទំនង ជាមួយស្ថានីយនៅដី នៅឯក្រៅប្រទេស៕