(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា យន្តហោះដ្រូនគ្មានមនុស្សបើកអ៊ុយក្រែន បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែមិនបង្កការខូចខាតណាមួយ ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់វានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។
Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ អំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះទេ។ កាលពីមុន ភាគីម្ខាងនៃជម្លោះក្នុងរយៈពេលពីរឆ្នាំមកនេះ បានចោទប្រកាន់ភាគីម្ខាងទៀតថា បានបាញ់ផ្លោងរោងចក្រនេះ ដែលម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់វា មិនដំណើរការនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា «ថ្មីៗនេះ យន្តហោះដ្រូនប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន បានកំពុងហោះហើរនៅក្នុងតំបន់ Zaporizhzhia ។ ជាពិសេស ការបាញ់បង្ហោះត្រូវបានកត់ត្រានៅថ្ងៃនេះ គឺនៅក្នុងតំបន់នៃកំពង់ផែដឹកជញ្ជូន និងស្ថានីយ៍អុកស៊ីហ៊្សែនអាសូតលេខ ២ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia»។
ទោះជាយ៉ាងណា ភ្លាមៗមិនមានការអត្ថាធិប្បាយជាសាធារណៈ អំពីការចោទប្រកាន់របស់រុស្ស៊ីនេះទេ ពីសំណាក់ភាគីអ៊ុយក្រែន។
ដោយឡែកការប្រកាសអាសន្នផ្លូវអាកាស ត្រូវបានចេញនៅតំបន់ Zaporizhzhia ដែលគ្រប់គ្រងដោយអ៊ុយក្រែន កាលពីរសៀលថ្ងៃសុក្រនេះ។ ការផ្ទុះជាច្រើនបានកើតឡើងនៅក្នុងទីក្រុង Zaporizhzhia ហើយអភិបាលតំបន់ លោក Ivan Fedorov បាននិយាយថា មានអ្នករងរបួសផងដែរ៕