(ភ្នំពេញ)៖ ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយក្នុងប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។
បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែកអាចបើកបានល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ទៅកាន់ក្រុងសៀមរាប។
ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាមកំពង់ធំ និងសៀមរាប។
ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវដែកក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕