ចំនួនអ្នកស្លាប់កើនដល់៩៣នាក់ ក្នុងករណីបាញ់ប្រហារភេរវកម្មយ៉ាងកក្រើកនៅរុស្ស៉ី ខណៈមនុស្សសរុប១១នាក់ត្រូវបានចាប់ខ្លួន រួមមានខ្មាន់កាំភ្លើងទាំង៤នាក់

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សសរុបចំនួន១១នាក់ ក្នុងនោះរួមមានខ្មាន់កាំភ្លើងទាំង៤នាក់ផងដែរ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងករណីវាយប្រហារភេរវកម្មដ៏ភ្ញាក់ផ្អើល នៅជាយរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ី កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។

ដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បណ្តាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍ថា ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៉ី FBS បានជូនដំណឹងទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពីការឃាត់ខ្លួនបាន មនុស្សសរុប១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ ផងដែរ។ ទន្ទឹមនេះ គណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ី ដែលទទួលបន្ទុកស៉ើបអង្កេតលើករណីឧក្រិដ្ឋកម្មធំៗ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភេរវកម្មនោះ បានកើនដល់៩៣នាក់ ហើយបានព្រមានថា តួលេខ​អាចនឹងបន្តកើនថែមទៀត។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិល នៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់រាប់សិបនាក់ និងរងរបួសលើស១០០នាក់ផ្សេងទៀត ពួកភេរវករក៏បានបង្កឱ្យមា អគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅទីនោះផងដែរ៕