(ញូវយ៉ក)៖ រុស្ស៊ី និងចិននៅថ្ងៃសុក្រ (២២ មីនា) នេះ បានវេតូប្រឆាំងនឹងសេចក្តីព្រាងសម្រេច ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីបទឈប់បាញ់នៅហ្គាហ្សា ដោយទីក្រុងមូស្គូបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនអំពី «នយោនបាយលាក់ពុត» ដែលមិនដាក់សម្ពាធលើអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
រុស្ស៊ី និងចិនបានប្រើសិទ្ធិវេតូ ហើយប្រទេសអាល់ហ្សេរីក៏បានវេតូ ហើយប្រទេសហ្គីយ៉ាណាបានអនុប្បវាទ។ សមាជិក១១រូបទៀត នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតគាំទ្រ ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍របស់ប្រទេសបារាំង និងចក្រភពអង់គ្លេស។
ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vasily Nebenzia បាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើអ្វីដើម្បីទប់ស្កាត់អ៊ីស្រាអែលអំពីសង្គ្រាមឡើយ ហើយបានចំអកឱ្យទីក្រុងវ៉ាស៊ីនតោនសម្រាប់ការនិយាយអំពីបទឈប់បាញ់ បន្ទាប់ពី «តំបន់ហ្គាហ្សាស្ទើរតែបាត់ខ្លួនពីផ្ទៃផែនដី»។
លោកបាននិយាយថា «យើងបានឃើញទស្សនីយភាពបុរាណនៃភាពលាក់ពុត»។
លោកបានមានប្រសាសន៍ថា «ផលិតផលរបស់អាមេរិកគឺមានលក្ខណៈនយោបាយសុទ្ធសាត ហើយគោលបំណងតែមួយគត់របស់វា គឺដើម្បីផ្គាប់ចិត្តអ្នកបោះឆ្នោត ដោយការលើកឡើងអំពីបទឈប់បាញ់ បើទោះបីជាមិនមានកិច្ចខិតខំប្រឹងប្រែងដោយស្មោះក៏ដោយ»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ដំណោះស្រាយនេះនឹង «ធានាឱ្យមាននិទណ្ឌភាពសម្រាប់អ៊ីស្រាអែល ខណៈឧក្រិដ្ឋកម្មមិនត្រូវបានគេវាយតម្លៃសូម្បីតែនៅក្នុងសេចក្តីព្រាងច្បាប់»៕