ទំនិញរបស់ប្រទេសចិនហូរចូលខ្លាំង ទៅកាន់ប្រទេសម៉ិកស៊ិក

(ម៉ិកស៊ិក)៖ ស្របពេលដែលពាណិជ្ជកម្មទំនិញសកល កំពុងជម្នះជំរុញកំណើននៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ពាណិជ្ជកម្មទំនិញរវាងចិន និងម៉ិកស៊ិកកំពុងកើនឡើងខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សារបង្ហោះនៅថ្ងៃព្រហស្បតិ៍ ដោយក្រុមហ៊ុនវិភាគទីផ្សារដឹកជញ្ជូនផ្លូវទឹក និងអាកាស Xeneta ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ប្រទេសន័រវែសថា បន្ទាប់ពីកើនឡើងជិត ៣៥% ក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ចំនួនកុងតឺន័រដែលបាននាំចេញទៅកាន់ប្រទេសម៉ិកស៊ិក ពីប្រទេសចិនបានកើនឡើង ៦០% នៅក្នុងខែមករា។ តួលេខដែលបានចេញផ្សាយនេះដកស្រង់ពីក្រុមហ៊ុន Container Trades Statistics។

លោក Peter Sand ប្រធានអ្នកវិភាគនៃក្រុមហ៊ុន Xeneta បានសរសេរក្នុងសារបង្ហោះនោះថា៖ «នេះប្រហែលជាពាណិជ្ជកម្ម ដែលកំពុងរីកចម្រើនខ្លាំងបំផុត នៅក្នុងពិភពលោកនាពេលនេះ»។ លោកបានលើកឡើងថា ហេតុផលនៅពីក្រោយកំណើននេះ មានការពាក់ព័ន្ធនឹងការគេចពន្ធច្រើនជាង ដោយសារកំណើនតម្រូវការទិញផលិតផលចិន ពីអ្នកប្រើប្រាស់ និងក្រុមហ៊ុនអាជីវកម្មម៉ិកស៊ិក។

លោក Sand បានមានប្រសាសន៍ថា៖ «ដោយទំហំដ៏ធំនៃទំនិញទាំងនេះ ដែលទំនងជាត្រូវបានដឹកទៅកាន់សហរដ្ឋអាមេរិក វាអាចនិយាយបានថា ការកើនឡើងពាណិជ្ជកម្មរបស់ចិនជាមួយម៉ិកស៊ិក ត្រូវបានប្រើប្រាស់ ដើម្បីចៀងវាងការដកហូរពន្ធលើការនាំចូលពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្ត»

លោក Sand បានលើកឡើងសេណារីយ៉ូសម្មតិកម្មមួយ ដែលអត្រាកំណើននាំចេញក្នុងខែមករាពីប្រទេសចិន ទៅកាន់តំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក និងការនាំចេញពីប្រទេសចិន ទៅកាន់ម៉ិកស៊ិកត្រូវបានកំណត់ទុកជាមុនសម្រាប់ថ្ងៃអនាគត។

លោកបានសរសេរថា៖ «នៅឆ្នាំ២០៣១ កុងតឺន័រកាន់តែច្រើននឹងផ្លាស់ទីរវាងប្រទេសចិន និងម៉ិកស៊ិក ជាជាងរវាងប្រទេសចិននិងតំបន់ឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិក»