ខេត្តកោះកុង៖ ខណ្ឌរដ្ឋបាលជលផលបូទុមសាគរ និង សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រ ថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានលើកទឹកចិត្តដល់ប្រជានេសាទចូលរួមយកក្តាមដែលមានពង មកដាក់នៅធនាគារក្តាម ដើម្បីរក្សា និរន្តរភាពក្តាមសមុទ្រ ជាពិសេសដើម្បីបង្កើនផលនេសាទ និង លើកកម្ពស់ជីវភាពគ្រួសារ ។
លោក មុត សុខន មន្ត្រីជលផលបូទុមសាគរ ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់ គេហទំព័រសារព័ត៌មាន នី ណា ញូស៍ ឱ្យដឹងថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ និង ក្តាមថ្ម ក៏ដូចជារួមចំណែកអភិរក្សធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព មន្ទីរបានបំផុសឱ្យប្រជានេសាទបង្កើតជាសហគមន៍នេសាទ មានចំនួន១០កន្លែង ហើយសហគមន៍ទាំងអស់នោះបង្កើតជាធនាគារក្តាម ដើម្បីឱ្យប្រជានេសាទទាំងអស់ ប្រសិនបើនេសាទបានក្តាមមេមានពងសំបកក្រៅ ឱ្យពួកគាត់លែងឬយកមកដាក់ក្នុងធនាគារក្តាម ដើម្បីធានានិរន្តរភាពក្តាម
សេះ និង ក្តាមថ្ម ទៅថ្ងៃមុខទៀត ។
លោក មុត សុខន បានបន្តថា៖ ធនាគារក្តាមសេះសម្រាប់ខេត្តកោះកុងបានបង្កើតតាំងពីឆ្នាំ២០០៨មកម្ល៉េះ ។
ដោយឡែក ចំពោះ សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រ ថ្មសស្រុកបូទុមសាគរវិញ មាន ធនាគារក្តាមចំនួន១កន្លែង មានទីតាំង នៅចំណុចខាងមុខ ស្រែត្រាវ ដែលបានបង្កើតឡើង ដើម្បីឱ្យប្រជាពលរដ្ឋដែលចាប់បានក្តាមមេមានពងយកមកដាក់ ។ ក្តាមដែលប្រជានេសាទ យកមកដាក់ភ្ញាស់នៅទីនេះ ពេលដែលកូនក្ដាមនោះដល់អាយុកាល អាចរស់ដោយខ្លួនឯងបាន ធនាគារក្ដាមបានយកក្តាមនោះទៅលែងក្នុងសមុទ្រ អោយវារស់នៅតាមបែបធម្មជាតិវិញ ។
ដូចគ្នានេះដែរ លោក តាវ វណ្ណា លេខាសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានបញ្ជាក់ថាការដែលបង្កើតធនាគារក្តាមសេះនិងក្តាមថ្មគោលដៅគឺផ្សព្វផ្សាយដល់ប្រជានេសាទដែលនៅក្នុងសហគមន៍ ដើម្បីកាត់បន្ថយកុំឱ្យពួកគាត់ចាប់ក្តាមពងដែលជាប់នៅសំបកក្រៅហ្នឹង ឱ្យគាត់ចូលរួមថែរក្សាប្រភេទមេក្តាមដែលមានពងហ្នឹងហើយរហូតដល់ក្តាមហ្នឹងជ្រុះពងទៅ គាត់អាចនេសាទនិងចាប់បាន ដើម្បីឱ្យធនធានក្តាមសេះនិងក្តាមថ្ម នៅក្នុងសហគមន៍តំបន់របស់គាត់ ឱ្យមាននិរន្តរភាព កុំឱ្យវាបាត់បង់លឿនពេក ។
ជុំវិញបញ្ហានេះដែរ លោក ណុំ ហាន់ ប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្នស បានប្រាប់ គេហទំព័រសារព័ត៌មាន នី ណា ញូស៍យើងឱ្យដឹងថា៖ សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥មកម្លេះ ដែលមានទំហំ ១១២២០ហិចតា(មួយម៉ឺន មួយពាន់ពីរ រយម្ភែ ហិចតា) លាតសន្ធឹងចាប់ពីចំណុច ព្រែកគគីរ រហូត មកដល់ចំណុច ព្រែកក្រូច ដោយមានការស្ម័គ្រចិត្តនិងមានគំនិតផ្តួចផ្តើមបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន៥ភូមិគឺ៖ ភូមិចំឡងគោ ភូមិថ្មស ភូមិស្រែត្រាវ ភូមិស្រែថ្មី និង ភូមិចំការលើ ។ លោក ណុំ ហាន់ ប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្នស នៅក្នុងសហគមន៍របស់លោកបានធនាគរក្តាមមួយកន្លែង មានទីតាំង នៅចំណុចខាងមុខ ស្រែត្រាវ លោកបានគូសបញ្ជាក់បន្ថែមថា៖ ពង នៅក្នុងពោះក្តាមញីមួយក្បាល ដែលផើម អាចមានពងកូនក្តាម រហូតដល់១លានកូនឯណោះ៕