លោក គីម ជុងអ៊ុន ដឹកនាំការបាញ់សាកល្បង ជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែមីនានេះថាលោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់កងអង្គភាពកាំភ្លើងធំ នៅឯភាគខាងលិចនៃប្រទេស ដោយមានការធ្វើតេស្ដលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស (super-large multiple rocket launchers) ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីរាយការណ៍របស់ KCNA កើតមានឡើងចំពេលកំពុងតានតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្ទាប់ពីសម្ព័ន្ធមិត្តទាំងបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ។ សមយុទ្ធនេះធ្វើឱ្យកូរ៉េខាងជើង ក្ដៅស្លឹកត្រចៀក និងបានធ្វើតេស្ដបាញ់គ្រាប់ពិតជាបន្តបន្ទាប់ ហើយនៅពេលនេះដំណើរទស្សនកិច្ចរបស់លោក Blinken ហាក់ដូចជាកំពុងដុតស្ថានការណ៍ឱ្យ កាន់តែក្ដៅ។

សមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង ត្រូវបានប្រកាសតែមួយថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន៣គ្រាប់៕