(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងថាខ្លួនបានបាញ់កម្ទេចមីស៊ីល៧គ្រាប់ និងយន្ដហោះដ្រូន៣គ្រឿង កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា នៅក្នុងតំបន់គ្រប់គ្រង ដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដែលគំរាមកំហែងដល់កប៉ាល់ដឹកទំនិញ និងនាវាចម្បាំងអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់បានដឹកនាំការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ ដើម្បីបង្ហាញសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា អំឡុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាកងកម្លាំងនៃទីបញ្ជាការកណ្ដាលអាមេរិកបានធ្វើប្រតិបត្តិការស្វ័យការពារខ្លួន និងបានបំផ្លាញមីស៊ីលប្រឆាំងនាវា និងយន្ដហោះដ្រូន រួមទាំងកុងតឺន័រស្ដុកអាវុធចំនួន៣ នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី។
CENTCOM បានបន្ថែមទៀតថាកងកម្លាំងរបស់ខ្លួនបានកំណត់ថាអាវុធទាំងនោះរបស់ក្រុមហ៊ូទី បានបង្កការគំរាមកំហែងបន្ទាន់ដល់កប៉ាល់ដឹកទំនិញ និងនាវាចម្បាំង អាមេរិកនៅក្នុងតំបន់ ហើយសកម្មភាពទាំងនេះគឺជាការការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងដើម្បីធ្វើឱ្យដែនទឹកអន្តរជាតិមានសុវត្ថិភាព ព្រមទាំងសន្តិសុខបន្ថែម សម្រាប់នាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញ៕