កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈលោក Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៨ ខែមីនានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកំពូលៗ និងចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យលើកទី៣ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះដែរត្រូវបានផ្ដួចផ្ដើមឡើងដោយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ បើតាមអគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ចូលសមុទ្រខាងកើត។ ចំណែក ជប៉ុនក៏បានទទួលស្គាល់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom Shield មានរយៈពេល១១ថ្ងៃ និងមានកងទ័ពចូលរួមកើនឡើងទ្វេដង។ កូរ៉េខាងជើង ក្នុងខែមីនានេះដែរបានព្រមានទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនថានឹងត្រូវ​តបស្នងមកវិញនូវតម្លៃមួយយ៉ាង ស័ក្តិសម ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នានេះ ហើយក្រោយការព្រមាននេះ កូរ៉េខាងជើងបានប្រកាសថាលោក គីម ជុងអ៊ុន បានដឹកនាំអង្គភាពកាំភ្លើងធំមួយធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលមានសមត្ថភាពវាយប្រហារលើទីក្រុងសេអ៊ូល៕