(មូស្គូ)៖ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញ ពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិច និងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក គឺលោក Nikolai Kharitonov ឈរនៅលេខរៀងជ័យជម្នះទី២ ទទួលបានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ និងលោក Vladislav Davankov ឈរនៅលេខរៀងទី៣ និងលោក Leonid Slutsky ឈរនៅលេខរៀងទី៤។
គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ លោក ពូទីន មានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីត មេដឹកនាំសូវៀត Josef Stalin កា្លយជាមេដឹកនាំរុស្ស៉ីកាន់អំណាចយូរជាងគេបំផុតក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណ្តត្តិ ថ្មីនេះ៕