រុស្ស៉ី ចាប់ផ្ដើមការបោះឆ្នោតប្រធានាធិបតី ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារលើតំបន់ព្រំដែន​

(មូស្គូ)៖ ការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះដែលជាការបោះឆ្នោតមួយត្រូវបានគេរំពឹងថាផ្ដល់ឱកាសឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាច ៦ឆ្នាំបន្ថែមទៀត ខណៈអ៊ុយក្រែនចាត់ទុកថាជាការបោះឆ្នោតគ្មានន័យ និងបានបង្កើនការវាយប្រហារលើតំបន់ព្រំដែន រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីក្នុងទីក្រុងមូស្គូ បានព្រមានប្រឆាំងចំពោះការធ្វើបាតុកម្មតវ៉ា អំឡុងការបោះឆ្នោតប្រធានាធិបតីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ បន្ទាប់ពីមានការអំពាវនាវ ឱ្យធ្វើបាតុកម្មប្រឆាំងនឹងលោក ពូទីន នៅថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខ ពីសំណាក់គណបក្សប្រឆាំង។ វិមានក្រឹមឡាំងបាននិយាយថាការបោះឆ្នោតនេះនឹងបង្ហាញពី ការគាំទ្ររបស់ប្រជាជនរុស្ស៉ី ចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយការបោះឆ្នោតក៏នឹងត្រូវធ្វើឡើងក្នុងទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងផងដែរ។

នៅមុនការបោះឆ្នោត ទីក្រុងកៀវ បានបង្កើនការវាយប្រហារលើតំបន់ព្រំដែនរុស្ស៉ី រីឯកងកម្លាំងឆ្មាំជាតិរុស្ស៉ីបាននិងកំពុងប្រយុទ្ធទប់ទល់នឹងកងកម្លាំងគាំទ្រអ៊ុយក្រែន នៅក្នុងតំបន់ Kursk នៅក្នុងការប៉ះទង្គិចចុងក្រោយបំផុតនៅព្រំដែន។

គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតបានបើកទ្វារ នៅក្នុងតំបន់ Kamchatka ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៉ី នៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃសុក្រនេះ ហើយនឹងត្រូវបិទទ្វារនៅម៉ោង ៨៖០០នាទីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះ ក្នុងតំបន់ Kaliningrad៕