អូស្រ្តាលី នឹងចាប់ផ្ដើមផ្ដល់ជំនួយឡើងវិញ ដល់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីនដ៏សំខាន់របស់ UN

(ស៊ីដនី)៖ អូស្ត្រាលីនឹងចាប់ផ្ដើមផ្ដល់មូលនិធិឡើងវិញដល់ទីភ្នាក់ងារផ្ដល់ជំនួយប៉ាឡេស្ទីនដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ជិត២ខែបន្ទាប់ពីបានសម្រេចចិត្ត ផ្អាកការផ្ដល់ជំនួយ ក្រោយអ៉ីស្រាអែលចោទប្រកាន់ថាបុគ្គលិកមួយចំនួន របស់ទីភ្នាក់ងារផ្ដល់ជំនួយមួយនេះបានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។ នេះបើ តាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ធ្វើការប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ទី១៥ ខែមីនានេះ ជាមួយការសង្កត់ធ្ងន់បន្ថែមថា អូស្ត្រាលី បានពិគ្រោះយោបល់ជាមួយទីភ្នាក់ងារផ្ដល់ជំនួយប៉ាឡេស្ទីន UNRWA និងបណ្ដាប្រទេសជាម្ចាស់ជំនួយផ្សេងទៀត។ តាមរយៈការសម្រេចចិត្តនេះដែរ ជំនួយ ៣.៩លានដុល្លារដែលអូស្រ្តាលីបានបង្កកទុក នឹងត្រូវផ្ដល់ឱ្យទីភ្នាក់ងារ UNRWA ភ្លាមៗ។ «យើងមានកុមារ និងគ្រួសារជាច្រើនកំពុងជួបគ្រោះទុរភិក្ស ហើយយើងមាន ភារកិច្ចជាមួយសហគមន៍អន្តរជាតិដើម្បីជួយដល់ពួកគេ។ យើងដឹងថា UNRWA គឺមានសារៈសំខាន់បំផុតក្នុងការផ្ដល់ជំនួយ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Wong។

គួរបញ្ជាក់ថា អូស្ត្រាលី រួមជាមួយប្រទេសមួយចំនួនទៀតបានផ្អាកការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារ UNRWA កាលពីខែមករាកន្លងទៅ ក្រោយអ៉ីស្រាអែលចោទថា បុគ្គលិក១២នាក់ ក្នុងចំណោមបុគ្គលិក១៣ ០០០នាក់របស់ទីភ្នាក់ផ្ដល់ជំនួយមួយនេះក្នុងតំបន់ហ្កាហ្សា បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើ អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ឆ្លើយទៅនឹងការចោទប្រកាន់នេះ UN បានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយ និងបានបណ្ដេញបុគ្គលិក UNRWA មួយចំនួន ។ ក្រៅពីអូស្ត្រាលី ស៊ុយអែត កាណាដា និងសហភាពអឺរ៉ុប ក៏បានចាប់ផ្ដើមផ្ដល់ជំនួយដល់ទីភ្នាក់ងាររបស់ UN ក្នុងកម្រិតខ្លះផងដែរ៕