(កណ្ដាល)៖ ពីលើវេទិកាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារដល់ប្រជាពលរដ្ឋទាំងអស់ កុំចង់បានជោគជ័យដោយគ្រាន់តែការផ្សងសំណាង ហើយមិនបានធ្វើអ្វីទាំងអស់នោះ មិនអាចទៅរួចឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើចង់ជោគជ័យលើការងារ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ហើយបើចង់បានសុខភាពល្អ សូមកុំអង្គុយតែបន់ ពោលត្រូវជឿជាក់លើខ្លួនឯង លើគ្រូពេទ្យ និងខិតខំសិក្សាស្វែងយល់អំពីការថែទាំសុខភាព។ ក្នុងន័យនេះ សម្ដេចបានពន្យល់ថា មិនមែនមិនឲ្យប្រជាពលរដ្ឋមានជំនឿលើការបន់ស្រន់នោះទេ ប៉ុន្ដែចង់ឲ្យប្រជាពលរដ្ឋត្រូវជឿជាក់ខ្លួនឯង ជឿជាក់លើអ្វីដែលខ្លួនបានខិតខំប្រឹងប្រែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ចង់បានជោគជ័យ កុំផ្សងសំណាង ហើយអត់ធ្វើអី។ ខំប្រឹងរៀនសូត្រ ខំប្រឹងសិក្សា សូម្បីតែជំនាញឥលូវយើងផ្ដល់១លាន៥សែននាក់ ឲ្យយុវជនទៅរៀនជំនាញ ដើម្បីរកការងារធ្វើ។ បន់ចុះខ្ញុំមិនមែនថាមិនឲ្យបន់ទេ ប៉ុន្ដែត្រូវទុកចិត្តខ្លួនឯង ទុកចិត្តលើពេទ្យ ទុកចិត្តលើគ្រូ បន់សូមឲ្យសុខភាពល្អ អាយុយឺនយូរ តែជឿទៅលើការអប់រំសុខាភាព កុំហូបផ្ដេសផ្ដាសខ្លាំងពេក ហើយឈឺទៅពេទ្យ»។
ដោយឡែកចំពោះការងារវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្ដល់ឱកាសដល់យុវជនលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ រហូតដល់១លាន៥សែននាក់ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ សម្រាប់ប្រកបការងារចិញ្ចឹមជីវិត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏ខិតខំកសាងសាលារៀន មន្ទីរពេទ្យ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ។ នេះបើតាមអ្វីដែលសម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំជឿលើឆ្នោតផ្សងសំណាងនានា ព្រោះការលួចលេងល្បែងស៉ីសងផ្សងសំណាង ដើម្បីទទួលបានលាភសក្ការៈ ឬលុយកាក់នេះ មិនមានអ្វីដែលជាផលចំណេញដល់ក្រុមគ្រួសារនោះឡើយ។
សូមជម្រាបថា ពាក់ព័ន្ធជាមួយឆ្នោតផ្សងសំណាង ល្បែងស៉ីសងខុសច្បាប់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ទើបតែដាក់បទបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបោសសម្អាតឲ្យអស់ចេញពីមូលដ្ឋាន៕