ក្រសួងវប្បធម៌ រៀបចំឯកសារ «អាពាហ៍ពិពាហ៍ខ្មែរ» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រសួងបានប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី «អាពាហ៍ពិពាហ៍ខ្មែរ» ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលា ស្តីពី «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានវាគ្មិនកិត្តិយសចូលរួម មានដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន១២រូប។

បើតាមក្រសួងវប្បធម៌ សិក្ខាសិលានេះ ក៏ធ្វើឡើងក្នុងគោលបំណង៖

*រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។

*រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ ឲ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

*ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣នៃអង្គការយូណេស្កូ ស្តីអំពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦៕