(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការផ្ដល់ជំនួយយោធាបន្ទាន់មានទំហំទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី១២ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈមេដឹកនាំប៉ូឡូញបំពេញទស្សនកិច្ចទៅកាន់សេតវិមាន ដើម្បីព្រមាននូវអ្វីដែលពួកគេហៅថាជា ការកើនឡើងការគំរាមកំហែងពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមលោក ចូ បៃដិន ជំនួយយោធាបន្ទាន់ខាងលើត្រូវបានយកចេញពីកញ្ចប់ថវិកាសន្សំទុករបស់មន្ទីរបញ្ចកោណ។ ប៉ុន្តែបានព្រមានថាវាគ្រាន់តែជាកញ្ចប់ជំនួយ បណ្ដោះអាសន្នមានរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ និងអាចជួយអ៊ុយក្រែនបានតិចតួចដើម្បីបញ្ឈប់ការរីកចម្រើនទៅមុខនាពេលថ្មីៗនេះរបស់ ទ័ពរុស្ស៉ី ខណៈលោក ពូទីន កំពុងទាញប្រយោជន៍ពីភាពជាប់គាំងរបស់សហរដ្ឋអាមេរិកលើការអនុម័តកញ្ចប់ជំនួយយោធាថ្មី។ សមាជិករដ្ឋសភាអាមេរិកមកពី គណបក្សសាធារណរដ្ឋ នៅតែបន្តរាំងខ្ទប់លើការអនុម័តកញ្ចប់ជំនួយយោធាថ្មីទំហំ ៦០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ស្របពេលមានការព្រួយបារម្ភកាន់តែ ច្រើនពីអនាគតមិនច្បាស់លាសរបស់អ៊ុយក្រែន ចំពោះមុខលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ។
ការប្រកាសពីការផ្ដល់កញ្ចប់ជំនួយបន្ទាន់នេះដែរ កើតមានឡើងចំពេលលោក បៃដិន ត្រៀមទទួលស្វាគមន៍ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងលោកនាយករដ្ឋមន្ត្រី Donald Tusk ដែលបានធ្វើទស្សនកិច្ចទៅកាន់សេតវិមានដើម្បីព្រមានថាការឈ្លានពានរបស់រុស្ស៉ីនឹងមិនបញ្ចប់នៅត្រឹមអ៊ុយក្រែន នោះទេ៕