លោក ហ្សេលេនស្គី អះអាងថាការរីកចម្រើនរបស់កងទ័ពរុស្ស៉ី នៅអ៊ុយក្រែន ត្រូវបានបង្អាក់

(ប៉ារីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាស្ថានការណ៍ល្អប្រសើរឡើងវិញរបស់កងទ័ពអ៊ុយក្រែន បានបង្អាក់ ការរីកចម្រើនទៅមុខរបស់កងទ័ពរុស្ស៉ី ខណៈទីក្រុងកៀវច្រានចោលការអំពាវនាវរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីសឱ្យអ៊ុយក្រែនចរចាបញ្ចប់ សង្រ្គាមជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កងទ័ពអ៊ុយក្រែន កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងនៅសមរភូមិ នារយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានបាត់បង់ទឹកដីមួយចំនួន ចំពោះមុខការខ្វះខាត ជំនួយយោធាថ្មីពីលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFM TV កាលពីថ្ងៃចន្ទ ទី១១ ខែមីនា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ការរីកចម្រើនរបស់កងទ័ពរុស្ស៉ីត្រូវបានបង្អាក់។ ទីបញ្ជាការរបស់យើង យោធារបស់យើងបានបញ្ឈប់ ការរីកចម្រើនរបស់កងទ័ពរុស្ស៉ី ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន»។ លោក ហ្សេលេនស្គី បន្ថែមថាកងទ័ពអ៊ុយក្រែនក៏កំពុងសាងសង់ជញ្ជាំងការពារមានប្រវែងជាង ១០០០គីឡូម៉ែត្រឯណោះ។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីទីក្រុងសម្ដែងការខឹងសម្បារជុំវិញការអត្ថាធិប្បាយរបស់សម្ដេចប៉ាប កាលពី ចុងសប្ដាហ៍កន្លងទៅ ដែលជំរុញឱ្យអ៊ុយក្រែនមានភាពក្លាហាន «លើកទង់ស» និងចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ លើសពីនេះ ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅបេសកជនបុរីវ៉ាទីកង់ លោក Visvaldas Kulbodas ឱ្យចូលជួបដើម្បីបង្ហាញការខកចិត្តចំពោះពាក្យពេចន៍ របស់សម្ដេចប៉ាប។

ក្រសួងការបរទេសអ៊ុយក្រែន ក៏បានលើកឡើងផងដែរថាការអត្ថាធិប្បាយរបស់សម្ដេចប៉ាប ប្រៀបដូចជាការលើកទឹកចិត្តឱ្យរុស្ស៉ី បន្តបំពានច្បាប់អន្តរជាតិ តទៅទៀត៕