រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមទស្សនាពិធីបុណ្យទន្លេនៅ ខេត្តសៀមរាប នាថ្ងៃ១៦-១៧ ខែមីនា

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ បានទស្សនាការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នារាត្រីថ្ងៃទី១១ ខែមីនា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខឆាប់ៗនេះ។

គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ​ជា​មួ​​​យ​នឹងរដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅខេត្តសៀមរាប។

ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា សិល្បករ សិល្បការិនី និងតារាចម្រៀង។

នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖

. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
២. ការតាំងពិព័រណ៍ផលិតផលទេស​ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ៕