ឧបទ្ទវហេតុ នៅឯអណ្ដូងរ៉ែធ្យូងថ្ម ២ដាច់ដោយឡែកពីគ្នា សម្លាប់មនុស្ស១២នាក់ នៅប្រទេសចិន

(ប៉េកាំង)៖​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថាឧបទ្ទវហេតុ ដែលបានកើតឡើងនៅឯអណ្ដូងរ៉ែធ្យូងថ្ម២ ដាច់ដោយឡែកពីគ្នាបានសម្លាប់មនស្ស ១២នាក់ នៅក្នុងប្រទេសចិន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

អណ្ដូងរ៉ែធ្យូងថ្មក្រោមដីរបស់ក្រុមហ៊ុនមួយ នៅក្នុងតំបន់ Zhongyang ខេត្ត Shanxi បានបាក់រលំនៅមុនពាក់កណ្ដាលយប់កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយ សម្លាប់មនុស្ស ៥នាក់ និង២នាក់ទៀតបាត់ខ្លួន។ អណ្ដូងរ៉ែធ្យូងថ្មនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Taoyuan Xinlong Coal Industry Co Ltd ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងបន្តធ្វើឡើង។

ចំណែក មនុស្ស៧នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ និង២នាក់បាត់ខ្លួន ក្រោយការផ្ទុះឧស្ម័ន នៅឯអណ្ដូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Huaihe Energy​ ស្ថិតក្នុង ខេត្ត Anhui ភាគខាងកើតប្រទេសចិន។

គួរបញ្ជាក់ថា គ្រោះថ្នាក់នៅឯអណ្ដូងរ៉ែធ្យូងថ្ម តែងតែកើតឡើងជាញឹកញាប់ៗនៅក្នុងប្រទេសចិន។ តួយ៉ាង កាលពីខែកុម្ភៈកន្លងទៅ មនុស្ស១០នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុមួយ ក្នុងទីក្រុង Pingdingshan ភាគកណ្ដាលនៃប្រទេស ដោយជំរុញឱ្យអាជ្ញាធរចិនត្រួតពិនិត្យឡើងវិញនូវសុវត្ថិភាពនៅតាមអណ្ដូងរ៉ែ៕