រដ្ឋមន្ត្រីក្រសួងធនធានទឹក ថ្លែងអំណរគុណអាមេរិក ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក។

លោក ថោ ជេដ្ឋា ថ្លែងអំណរគុណបែបនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូតនិងគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានជម្រាបលោក Patrick Murphy ពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាមានការងារពីរសំខាន់គឺ ការគ្រប់គ្រងទឹកសម្រាប់ផ្គត់ផ្គង់ទឹកលើគ្រប់វិស័យមាន វិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើសុំភាគីអាមេរិកផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ។

លោក Patrick Murphy បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងអស់ទៅពិភាក្សា និងបានបញ្ជាក់ពីការ ពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន៕