(បេរូត)៖ ក្រុមហេសបូឡាលីបង់ បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីរងការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃមុន ដែលបានសម្លាប់ជនស៊ីវិក ៥ នាក់នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងសមាជិក ៣ នាក់នៃក្រុមនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស និងជាសត្រូវធំរបស់អ៊ីស្រាអែល បានបាញ់ប្រហារគ្នាស្ទើរតែរាល់ថ្ងៃនៅទូទាំងព្រំដែន ចាប់តាំងពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។
ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត Katyusha រាប់សិបគ្រាប់នៅព្រឹកនេះ នៅឯភូមិ Meron របស់អ៊ីស្រាអែល ដែលមានចម្ងាយ ៨ គីឡូម៉ែត្រពីព្រំដែន។ ទីក្រុង Meron ដែលជាទីតាំងសម្រាប់គ្រប់គ្រងដែនអាកាសដ៏សំខាន់មួយរបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅជាច្រើនដង ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ចាប់តាំងពីដើមឆ្នាំមក។
ក្រុមហេសបូឡាបានគូបញ្ជាក់ថា ខ្លួនចាត់វិធានការនេះដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងភូមិនានានៅភាគខាងត្បូង និងផ្ទះជនស៊ីវិលនៅតំបន់ Khirbet Selm មួយថ្ងៃមុន។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃអាទិត្យនេះថា «បន្ទាប់ពីស៊ីរ៉ែនបានបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែល ការបាញ់ប្រហែល ៣៥ គ្រាប់ ត្រូវបានកំណត់អត្តសញ្ញាណពីប្រទេសលីបង់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល ដែលមួយចំនួនត្រូវបានស្ទាក់ចាប់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ជាការឆ្លើយតប កងទ័ពអាកាសអ៊ីស្រាអែលក៏បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធហេសបូឡា នៅពេលយប់ រួមទាំងរចនាសម្ព័ន្ធយោធារបស់ភេរវករ ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងតំបន់ Khirbet Selm ផងដែរ»។
គួរជម្រាបថា យ៉ាងហោចណាស់មនុស្ស ៣១២ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីផ្ទុះអំពើហឹង្សាឆ្លងព្រំដែន បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែតុលា ដែលភាគច្រើនជាពួកយុទ្ធជនហេសបូឡា ប៉ុន្តែក៏មានជនស៊ីវិលចំនួន ៥៣ នាក់ផងដែរ។
យោងតាមតួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា នៅខាងអ៊ីស្រាអែល មានទាហាន ១០ នាក់ និងជនស៊ីវិល ៧ នាក់ត្រូវបានសម្លាប់ ព្រមទាំងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ដោយសារតែការប្រយុទ្ធគ្នានៅតាមព្រំដែនទាំងពីរ៕