ចំនួនអ្នកស្លាប់នៅហ្គាហ្សាប៉ាឡេស្ទីន កើនលើស ៣១,០០០នាក់ ដោយក្នុងនោះ ៨៥នាក់ត្រូវបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត កើនលើសពី ៣១,០០០ នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានគូបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៥ នាក់ និង ១៣០ នាក់ទៀតរងរបួសនៅក្នុងតំបន់ផ្សេងៗ នៃតំបន់ឆ្នេរដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,០៤៥ នាក់ និងចំនួនអ្នករងរបួសដល់ ៧២,៦៥៤ នាក់។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ទៀតថា ជនរងគ្រោះមួយចំនួននៅតែត្រូវបានកប់នៅក្រោមគំនរបាក់បែកនៅឡើយ ដោយសារតែកង្វះខាតផ្នែកការពារស៊ីវិល និងក្រុមសង្គ្រោះបន្ទាន់។

គួរជម្រាបថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះ ឆ្លងព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលនៅពេលនោះមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៤០នាក់ត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង៕