(ស៉ីដនី)៖ អ្នកស្រុករាប់ពាន់នាក់នៅភាគខាងលិចប្រទេសអូស្រ្តាលី ត្រូវបានណែនាំឱ្យជម្លៀសខ្លួន នាថ្ងៃពុធនេះ ខណៈដែលអាជ្ញាធរនិយាយថា រលកកម្តៅអាចនាំឱ្យភ្លើងឆេះព្រៃក្នុងរដ្ឋ Victoria កាន់តែធ្ងន់ធ្ងរថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការិយាល័យឧតុនិយម បានឱ្យដឹងថា ការវាយតម្លៃលើស្ថានភាពភ្លើងឆេះខ្លាំងក្លា ត្រូវបានដាក់ទៅលើផ្នែកជាច្រើននៃរដ្ឋ Victoria ដោយភាគខាងលិចតំបន់ Wimmera នឹងមានកម្រិតធ្ងន់ជាងគេ ហើយសីតុណ្ហភាពនៅក្នុងទីក្រុងជនបទ Mildura ដែលមានពលរដ្ឋរស់នៅប្រហែល ៥៦,០០០នាក់ អាចឡើងដល់ ៤៥អង្សាសេ។ ក្រុមមន្រ្តី បានណែនាំឱ្យអ្នកស្រុកប្រហែល ៣០,០០០នាក់ នៅតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ចាកចេញពីផ្ទះនៅព្រឹកថ្ងៃពុធនេះ។
ក្រុមពន្លត់អគ្គិភ័យរាប់រយនាក់ កំពុងទប់ទល់នឹងភ្លើងឆេះសន្ធោសន្ធៅ នៅក្បែរទីក្រុង Ballarat ដែលស្ថិតនៅចម្ងាយ ៩៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Melbourne។ រលកកម្តៅអាចនឹងសាយភាយ ចូលទៅប៉ែកខាងក្នុងប្រទេសអូស្ត្រាលី ដោយរំកិលឆ្លងកាត់រដ្ឋ Victoria មុនពេលប្តូរទៅទិសខាងកើត ទៅកាន់រដ្ឋ New South Wales នៅថ្ងៃព្រហស្បតិ៍នេះ។ ការដាក់បម្រាមសម្រាប់ភ្លើងឆេះ កំពុងធ្វើឡើងនៅទូទាំងទីក្រុងមួយចំនួន រួមទាំងទីក្រុង Melbourne ផងដែរ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Victoria បានកើតឡើងតាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបំផ្លាញផ្ទះ ៦ខ្នង សម្លាប់សត្វពាហនៈ និងឆាបឆេះលើផ្ទៃដីជាង ២០,០០០ហិកតា៕