(អ៊ូឡង់បាទ័រ)៖ វេទិកាយុវជននៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានជំរុញឱ្យមានការចូលរួមរបស់យុវជននៅក្នុងវេទិកាទំនាក់ទំនងនិងចែករំលែក និងកម្មវិធីបណ្តុះបណ្តាលនិងការស្រាវជ្រាវនានា ដើម្បីផ្តល់ឱកាសឱ្យយុវជនអាចចូលរួមមតិស្ថាបនាដែលមានការទទួលខុសត្រូវខ្ពស់ និងមានភាពប្រាកដនិយម ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សង្គមមួយប្រកបដោយបរិយាប័ន្ន ចីរភាព និងសាមគ្គីភាព។
គួរជម្រាបថា ចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុខ សូកេន សមាជិកគណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មការគណបក្សនៃក្រសួងទេសចរណ៍ និងក្នុងនាមជាអនុប្រធានវេទិកាយុវជននៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានដឹកនាំគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមកម្មវិធីបើកនៃវេទិកាយុវជន ICAPP លើកទី៧ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមមូលបទ៖ យើងនិយាយថា Yes ចំពោះការចូលរួមរបស់យុវជននៅសភា (We Say Yes To Youth in Parliament) ដែលរៀបចំដោយគណបក្សប្រជាជនម៉ុងហ្គោលី។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុខ សូកេន បានចែករំលែកទស្សនៈអំពីសារសំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងយុគសម័យឌីជីថល។ ការចូលរួមរបស់យុវជននៅក្នុងស្ថាប័ននីតិបញ្ញត្តិ ពិតជាចាំបាច់ដើម្បីផ្តល់នូវគំនិត និងលើកឡើងនូវកង្វល់របស់យុវជនសម្រាប់ការតាក់តែងគោលនយោបាយ និងច្បាប់នានាឱ្យមានសង្គតិភាព ស្របជាមួយការរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកបានសង្កត់ធន់ថា ការផ្តល់ឱកាសឱ្យយុវជនអាចចូលរួមមតិស្ថាបនាដែលមានការទទួលខុសត្រូវខ្ពស់ និងមានភាពប្រាកដនិយម ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សង្គមមួយប្រកបដោយបរិយាប័ន្ន ចីរភាព និងសាមគ្គីភាព។ ជាក់ស្តែងនៅក្នុងរដ្ឋសភានីតិកាលទី៧នៃកម្ពុជា ចំនួនសមាជិកសភាវ័យក្មេងមានការកើនឡើង ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏មានថ្នាក់ដឹកនាំភាគច្រើនជាយុវជនផងដែរ។
លោកក៏បានជំរុញការចូលរួមរបស់យុវជនតាមរយៈការបង្កើតបរិយាកាសអំណោយផល វេទិកាទំនាក់ទំនងនិងចែករំលែក និងកម្មវិធីបណ្តុះបណ្តាលនិងការស្រាវជ្រាវនានាជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូគណបក្សនយោបាយ និងភ្ញៀវកិត្តិយសមកពី១២ប្រទេស និងអង្គការអន្តរជាតិជាច្រើន៕