(អ៊ូឡង់បាទ័រ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសនឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។
កិច្ចពិភាក្សានេះធ្វើឡើងនារសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ចូលរួមក្នុងកិច្ចប្រជុំយុវជនសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ៕