លោក ហ្សេលេនស្គី សង្ស័យថាផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣ បែកធ្លាយទៅដល់ដៃរុស្ស៉ី

 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាកងកម្លាំងរុស្ស៉ីកំពុងត្រៀមលក្ខណៈបើកការវាយលុកប្រឆាំងកងកម្លាំងអ៊ុយក្រែនសាជាថ្មី អាចនៅចុងខែឧសភា ឬក៏រដូវក្ដៅនេះ ខណៈធ្វើការសន្និដ្ឋានថារុស្ស៉ីប្រហែលជាបានដឹងមុនពីផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានមានរយៈពេល ២ម៉ោង កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ លោក ហ្សេលេនស្គី នៅតែសង្កត់ធ្ងន់ថាវាពិតជាមានសារៈសំខាន់បំផុតសម្រាប់ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចត្រូវបន្តរួបរួមសាមគ្គីគ្នា ជាមួយការព្យាករពីស្ថានការណ៍ដ៏លំបាកនៅរយៈពេល២ខែខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីនឹងព្យាយាមបើកការវាយលុកនៅដើមរដូវក្ដៅ ឬនៅចុងខែឧសភា ប្រសិនបើពួកគេអាចធ្វើបែបនេះបាន។ តែយើងក៏កំពុងត្រៀមលក្ខណៈ ទប់ទល់ដែរ»

ក្នុងសន្និសីទសារព័ត៌មាននោះ លោក ហ្សេលេនស្គី ក៏បានធ្វើការសន្និដ្ឋានដែរថាផែនការនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣ ប្រហែលជាបាន បែកធ្លាយទៅដល់ដៃរុស្ស៉ី មុននឹងប្រតិបត្តិការនេះចាប់ផ្ដើម។ ប្រតិបត្តិការវាយបករបស់រុស្ស៉ីកាលពីឆ្នាំ២០២៣ ក្រោមការផ្ដល់ជំនួយអាវុធមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារពីលោកខាងលិច បានទទួលបរាជ័យដោយមិនអាចវាយទម្លុះខ្សែការពារសំខាន់ណាមួយរបស់រុស្ស៉ីបាននោះទេ។ តែលោក ហ្សេលេនស្គីមិនបានផ្ដល់ ព័ត៌មានលម្អិតពីការបែកធ្លាយនេះនោះទេ៕