ជប៉ុនផ្តល់ជំនួយឥតសំណងជិត ១៤លានដុល្លារ ដើម្បីសាងសង់អគារហ្វឹកហ្វឺនសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារសារមន្ទីរតេជោសន្តិភាព នៅសៀមរាប


(ភ្នំពេញ)៖ ដោយបានទទួលសិទ្ធប្រទានពីសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី គម្រោងសាងសង់អគារហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយ អប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាប ដែលមានថវិកាសរុបចំនួន ២ ០៧៩ ៨០០ ០០០ យ៉េន (ប្រមាណជិត ១៤ លានដុល្លារ) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាព CMAC ធ្វើការសាងសង់សំណង់អាគារទាំង ០២ទីតាំងនេះ។

សូមជម្រាបថា អាគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អាគារសាលប្រជុំ (ចំណុះ៤០០នាក់) ចំនួន១ខ្នង អាគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់ អាគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អាគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុ-កៅអីជាដើម។

ចំពោះអាគារសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅខេត្តសៀមរាប ជាអាគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ ១០៨ម៉ែត្រគុណ ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត ៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង ១៥.០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអាគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។

អាគារសារមន្ទីរនេះ ក៏អាចក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញជូនសាធារណជនជាតិ និងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយ សម្រាប់ប្រជាជន និងប្រទេសជាតិដ៏កំសត់នេះ។

លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេសការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាព CMAC ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការលុបបំបាត់ការគំរាមកំហែង ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ការចូលរួមផ្តល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជា ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា លើវិស័យកំចាត់មីននេះ។

លោកអគ្គនាយក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ក្នុងការស្នើសុំរដ្ឋាភិបាលជប៉ុន បន្តផ្តល់ការគាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា ជាពិសេសគម្រោងសាងសង់អគារហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ លោកក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ការគាំទ្រលើគម្រោងសាងសង់អាគារទាំង០២នេះ ឱ្យប្រព្រឹត្តទៅដោយរលូនស្របតាមផែនការគម្រោង និងសូមគោរពអរគុណថ្នាក់ដឹកនាំក្រសួងសរដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានជួយជំរុញ និងគាំទ្រគម្រោងទាំងពីរខាងលើនេះផងដែរ៕