(ហ្គាហ្សា)៖ កិច្ចចរចាដើម្បីបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ បានឈានចូលថ្ងៃទីពីរហើយនៅទីក្រុងគែរ គិតត្រឹមថ្ងៃពុធនេះ ខណៈដែលប្រជាជនហ្គាហ្សាបានត្រៀមខ្លួន សម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែលលើជម្រកចុងក្រោយរបស់ពួកគេ នៅទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពពីក្រុមហាម៉ាសបានប្រាប់ AFP ថា គណៈប្រតិភូមួយក្រុមរបស់ខ្លួន បានធ្វើដំណើរទៅកាន់រដ្ឋធានី នៃប្រទេសអេហ្ស៊ីប ដើម្បីជួបជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា បន្ទាប់ពីអ្នកចរចាអ៊ីស្រាអែល បានពិភាក្សាជាមួយអ្នកសម្រុះសម្រួលទាំងនោះកាលពីថ្ងៃអង្គារ។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលជាអ្នករិះគន់ដោយឥតសំចៃមាត់ ចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាមហ្គាហ្សា ក៏នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi នៅទីក្រុងគៀរ នៅថ្ងៃពុធសប្តាហ៍នេះផងដែរ។
នាយក CIA លោក William Burns ក៏បានចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ជាមួយប្រធានចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Bania ដែលប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានពិពណ៌នាថា «មានភាពវិជ្ជមានភាគច្រើន»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានហៅកិច្ចពិភាក្សានេះថា «មានលក្ខណៈស្ថាបនា និងដើរក្នុងទិសដៅត្រឹមត្រូវ»។
ក្រុមអ្នកសម្រុះសម្រួលកំពុងប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា មុនពេលការលុកលុយយ៉ាងពេញទំហឹងរបស់អ៊ីស្រាអែលលើទីក្រុង Rafah ដែលជាជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីនជាង ១.៤ លាននាក់។
លទ្ធភាពនៃការស្លាប់ជនស៊ីវិលក្នុងចំនួនដ៏គួរឱ្យបារម្ភ បានបង្កឱ្យមានការអំពាវនាវជាបន្ទាន់ ឱ្យប្រទេសអ៊ីស្រាអែលបញ្ឈប់ការបញ្ជូនកងទ័ពទៅកាន់មជ្ឈមណ្ឌលប្រជាជនដ៏សំខាន់ចុងក្រោយមួយនេះ សូម្បីតែពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយបាននិយាយថា ខ្លួននឹងមិនគាំទ្រប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុង Rafah ដោយគ្មាន «ផែនការដ៏គួរឱ្យទុកចិត្ត» ដើម្បីការពារជនស៊ីវិលនោះទេ៕