(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦ នាក់ និង ៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ត្រូវបានសម្លាប់ និង ១៧៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥ នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
ប្រភពប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំយ៉ាងហឹង្សា ទៅលើទីក្រុង Khan Yunis, Deir al-Balah, Rafah, និងហ្គាហ្សា ដែលនាំឱ្យមានការសម្លាប់ និងរបួសរាប់សិបនាក់ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ៕