លោក ស៊ុន ចាន់ថុល ចាត់ទុកគម្រោងវិនិយោគដ៏ច្រើនសម្រាប់ខែមករា បង្ហាញពីការទុកចិត្តរបស់​អ្នកវិនិយោគលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត


 (ភ្នំពេញ)៖ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួល​បានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកគម្រោងវិនិយោគទាំងនេះ បង្ហាញឱ្យឃើញ ពីទំនុកចិត្តរបស់​អ្នក​វិនិ​យោគ​លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ បានឱ្យដឹង​ថា ក្នុងខែមករា ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង ត្រូវ បានអនុញ្ញាតឱ្យធ្វើ​សកម្មភាព។ របាយការណ៍ បានឱ្យដឹងថា គម្រោងទាំង៣២នេះ មានទុនវិនិ យោគសរុបជាង ១៨៧លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។

គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ ១) គម្រោងបង្កើតរោងចក្រផលិត​គ្រឿង​អេឡិច​ត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ២) គម្រោងបង្កើតរោងចក្រផ្ដុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣) គម្រោង បង្កើត​រោង​ចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ៤) គម្រោងបង្កើតរោង​ចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ។

របាយការណ៍បានឱ្យដឹងផងដែរថា ទុនវិនិយោគជាង ៧៨ភាគរយ មានប្រភពមកពីប្រទេសចិន, ៩.៦៥​ភាគ​រយ មកពីប្រទេសសិង្ហបុរី, ៥.៣៤ភាគរយមកពីសហរដ្ឋអាម៉េរិក, ៣.៥៥ភាគរយ មកពីសាធា​រ​ណ​រដ្ឋកូរ៉, និង ២.៧៣ភាគរយ ប្រភពក្នុងស្រុក។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ថា ការទទួលបាន​ប្រាក់​ចំណេញ និង​ការធានា បាននិរន្តរភាពនៃច្រវ៉ាក់ផលិតកម្ម គឺជាលក្ខខណ្ឌដ៏ចម្បងបំផុតសម្រាប់អ្នកជំនួញគ្រប់រូប។ ដូច្នេះ​មុន​​ឈានដល់ការដាក់ទុនវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់បំផុតលើ​លទ្ធភាព​ទទួលបាន​ផលចំណេញ ជាពិសេសកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមនៅក្នុងប្រទេស​គោល​ដៅវិនិយោគ ដើម្បីធានានិរន្តរភាពនៃការវិនិយោគ។

ក្រោមហេតុផលខ្លីខាងលើ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការសម្រេចចិត្ត​ដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះគឺបានបង្ហាញច្បាស់ឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹក​នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាព សង្គមកម្ពុជា ដើម្បី​ធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មាន ឧបសគ្គ។បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់។ នេះជាការគូសបញ្ជាក់របស់លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល។

លោក ស៊ុន ចាន់ថុល ក៏បានចាត់ទុកគម្រោងវិនិយោគទាំងនេះ ជាផ្លែផ្កាកើតចេញនយោបាយការ ទូត​សេដ្ឋ​​កិច្ច និងការប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង៥ខែកន្លងទៅ។

លោកឧប​នា​យក​រដ្ឋមន្ត្រី បានរំលឹកថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំ និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀរគរ និងបញ្ចុះ​បញ្ចូល​​អ្នក​វិនិយោគបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។ ក្នុងនោះរាល់ដំណើរទស្សនកិច្ចក្រៅប្រទេស សម្តេចធិបតី មិនដែលរំលងឡើយកម្មវិធីធុរកិច្ច និងជំនួបជាមួយអ្នកវិនិយោគ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា នៅក្នុង ខែបន្តបន្ទាប់ទៀត កម្ពុជា នឹងទទួល​បាន​គម្រោងវិនិយោគពីបរទេសបន្តបន្ទាប់ទៀត ដែលនឹងរួម ចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់​ការងារជូនប្រជាពលរដ្ឋកាន់តែច្រើន៕