(កូឡុំបូ)៖ ប្រទេសថៃនិងស្រីលង្កានៅចុងសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលស្រីលង្កាសង្ឃឹមថានឹងជួយឱ្យប្រទេសខ្លួនងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ប្រទេសដីកោះនេះកំពុងបន្តការផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជួយសេដ្ឋកិច្ចដែលកំពុងជួបបញ្ហារបស់ខ្លួន ដែលធនាគារពិភពលោកបានប៉ាន់ប្រមាណថាបាន ធ្លាក់ចុះ ៣,៨% កាលពីឆ្នាំមុន បន្ទាប់ពីវិបត្តិខ្វះខាតរូបិយប័ណ្ណបរទេសដ៏ធ្ងន់ធ្ងរបានបណ្តាលឱ្យ ធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែខ្លាំង។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះមានគោលបំណងបង្កើនឱកាសទីផ្សារដោយការចរចា គ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ការវិនិយោគ នីតិវិធីគយ និងកម្មសិទ្ធិបញ្ញា។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីការចុះ ហត្ថលេខានេះថា៖ «កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសអាជីវកម្មយ៉ាងច្រើនសម្រាប់ភាគីទាំងពីរ។ យើងលើកទឹកចិត្តដល់វិស័យឯកជនរបស់យើងឱ្យស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការ វិនិយោគទ្វេភាគី»។
គណៈប្រតិភូថៃដឹកនាំដោយលោក សេដ្ឋា បានទៅដល់ទីក្រុងកូឡុំបូកាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួមជាមួយនឹងកិច្ចព្រមព្រៀងផ្សេងទៀត។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសទ្វេភាគីថ្មីដែរ។
តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងស្រីលង្កាចាប់ពីខែមករាដល់ខែតុលា ឆ្នាំមុន មានចំនួនសរុប ៣២០,៤លានដុល្លារអាមេរិក នេះបើយោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជ កម្មថៃ។ ទំនិញនាំចេញសំខាន់ៗរបស់ប្រទេសថៃរួមមានផលិតផលកៅស៊ូ ក្រណាត់ ត្បូង គ្រឿង ម៉ាស៊ីន និងបន្ទះប្លាស្ទិក ខណៈដែលទំនិញនាំចូលពីស្រីលង្ការួមមានគ្រឿងអលង្ការ គ្រឿងបន្លាស់ អគ្គិសនី សម្លៀកបំពាក់ ផលិតផលរុក្ខជាតិ និងសារធាតុគីមី។ FTA ថ្មីនេះត្រូវបានគេរំពឹងថានឹង ផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញគ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ គ្រឿងអគ្គិសនី គ្រឿងចក្រ ផលិតផលដែក ក្រដាស អាហារកែច្នៃ និងចំណីសត្វរបស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕