យន្តហោះចម្បាំង F-16 របស់យោធាអាមេរិក ១គ្រឿងទៀត ធ្លាក់ចូលសមុទ្រនៅកូរ៉េខាងត្បូង ដែលជាករណីទី២ ក្នុងរយៈពេល២ខែ


(សេអ៊ូល)៖ យោធាអាមេរិកដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃពុធនេះ យន្តហោះចម្បាំងអាមេរិក F-16 មួយគ្រឿងទៀត បានធ្លាក់ចូលក្នុងសមុទ្រ នៅក្បែរឆ្នេរភាគខាង លិចកូរ៉េខាងត្បូង ប៉ុន្តែពីឡុតយន្តហោះនោះ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ខណៈវាគឺជា ករណីស្រដៀងគ្នាទី២ ដែលបានកើតឡើងក្នុងរយៈពេលត្រឹមប្រមាណ២ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

យោធាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំង F-16 Fighting Falcon ខាងលើ បានជួបបញ្ហាអំលុងពេលហោះហើរ​នៅលើផ្ទៃសមុទ្រ ហើយក៏បានធ្លាក់ ខណៈពីអ្នកបើកបរ បានចុច កៅអីផ្តាច់ចេញពីយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្រ្គោះនៅ​រយៈពេលប្រហែលជា១ ម៉ោងក្រោយមក។ ជាមួយគ្នានេះ យោធាអាមេរិកបានអរគុណកិច្ចសហការ របស់ក្រុមភ្នាក់ងារ សង្រ្គោះកូរ៉េខាងត្បូង ហើយបាននិយាយថា នាពេលនេះរឿងសំខាន់គឺផ្តោតទៅលើ ការស្វែងរក យន្តហោះដែលធ្លាក់៕