(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ឬហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»
អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងទិសដៅនេះ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូស បញ្ជាក់ថា ក្នុងគោលដៅនៃការបន្តស្តារ និងជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច ក្នុងនីតីកាលទី៧នេះ រាជរដ្ឋាភិបាល បាននិងកំពុងចាត់ចែងដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ច្បាស់លាស់ និង ចំទិសដៅដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពជាច្រើន និងជាបន្តបន្ទាប់ ពិសេសវិធានការ សំដៅដោះស្រាយបញ្ហាជារចនាសម្ព័ន្ធដែលមានលក្ខណៈរ៉ាំរ៉ៃ។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជាជំហានជាក់ស្តែង រាជរដ្ឋាភិបាលបានចាប់ ផ្តើមពីការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សម្រាប់រយៈពេលខ្លី ដើម្បីដោះស្រាយ បញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាជំហានជាក់ស្តែង យើងបានចាប់ ផ្តើមពីការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សម្រាប់រយៈពេលខ្លី ដើម្បីដោះស្រាយ បញ្ហាប្រឈមជាក់ស្តែងរបស់វិស័យឯកជន។ ក្នុងន័យនេះ ការប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ឬហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជាមួយនឹងការរៀបចំ និងការដាក់ឲ្យអនុវត្តកម្មវិធី ពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធាន ដែលមានសក្តានុពល និងមានមូល ដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឲ្យកាន់តែក្លៀវក្លាឡើង ជា ពិសេសប្រើប្រាស់ឲ្យអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ខេត្តព្រះសីហនុ មានជាស្រេចហើយនូវតំបន់សេដ្ឋកិច្ច ពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ និង ចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ទាំងក្នុង ប្រទេស និងក្នុងតំបន់។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីក កម្រិតតំបន់ នៅក្នុងខេត្ត នេះផងដែរ នៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
សម្ដេចបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែ ក្លាយមុខមាត់ និងអនាគតខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ច ចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធន ធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធ ភាព៕