(បរទេស)៖ ថ្មីៗនេះក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រកាសពីការបណ្តាក់ទុនយ៉ាង ច្រើនប្រហែល ៤៥.២ពាន់លានយ៉េន (ប្រហែល ៣០៧លានដុល្លារ) ក្នុងការឧបត្ថម្ភធនដើម្បី អភិវឌ្ឍន៍បច្ចេកវិទ្យាអុបទិក សម្រាប់ប្រើក្នុងបន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញឧស្សាហកម្មផលិតផលពាក់កណ្ដាលសម្រេច (Semiconductor) របស់ប្រទេសជប៉ុន ដោយប្រើប្រាស់បច្ចេកវិទ្យាពន្លឺជំនួសឱ្យអគ្គិសនី ក្នុងការ បញ្ជូនទិន្នន័យកាន់តែលឿន និងមានប្រសិទ្ធិភាពជាមុន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល ផងដែរ។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា «Optical Interconnect Technology Development» ហើយក្នុងនោះឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេមួយចំនួនដែលមានវត្តមាននៅក្នុងគម្រោងនេះរួមមាន NTT, NEC, Furukawa Electronic, Shinko Electronic និង Kioxia រួមទាំង Intel និង SK Hynix ជាដើម។
លោក Ken Saito រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ជប៉ុនបាននិយាយទៅកាន់អ្នកសារព័ត៌មាន ដោយបានសម្តែងពី «ក្តីសង្ឃឹមខ្ពស់» ដែលបានវិនិយោគនៅក្នុងគម្រោងនេះ ដោយលោកបាន គូសបញ្ជាក់ថា បច្ចេកវិទ្យាបន្ទះឈីបអុបទិក នឹងក្លាយជាការផ្លាស់ប្តូរហ្គេមនាពេលអនាគត។
យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីការវិនិយោគ ប្រទេសជប៉ុននៅមិនទាន់បង្ហាញ ជាសាធារណៈនៅឡើយនោះទេ។ តែយ៉ាងណាតាមរយៈផែនការផ្តល់ឧបត្ថភម្ភធននេះ ត្រូវបាន ប្រភពលើកឡើងថាប្រទេសជប៉ុនធ្វើឡើងក្នុងគោលបំណងរក្សាភាពជាដឹកនាំដ៏លេចធ្លោរបស់ខ្លួននៅក្នុងឧស្សាហកម្មបន្ទះឈីបព្រមទាំងធ្វើឱ្យភាពជាដៃគូកាន់តែស្អិតរមួតជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធមិត្តខណៈដែលប្រទេសចិនកំពុងតែបង្ហាញភាពលេចធ្លោកាន់តែខ្លាំងក្នុងការនាំមុខបច្ចេកវិទ្យាទំនើប៕