អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ ត្រូវការទុនវិនិយោគបន្ថែម ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ ការសាងសង់

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងឱ្យដឹង ថា អគារកំពុងជាប់គាំង នៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីក្នុងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោម អធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿន ក្នុងចំនួនដ៏ច្រើននូវ សំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅ ។ល។ ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ តមកទៀត, ការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថាន ភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេង ទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។ បច្ចុប្បន្ន អគារដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវបានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់, មានចំនួន ១៧៦»

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ, រាជរដ្ឋា ភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ, ការកសាងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្ត, ជាពិសេសការដាក់ចេញ នូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង កាលពីខែ     មីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅ និងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្ត រហូតដល់ឆ្នាំ ២០២៦។

ថ្មីៗនេះ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣, សមេ្តចធិបតីនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់ខេត្តព្រះសីហនុ និង បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ក្នុងខេត្តនេះ ព្រមទាំងបានផ្តល់ការណែនាំឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្កើនការខិតខំពង្រឹងសន្តិសុខ និង សណ្តាប់ធ្នាប់នៅក្នុងខេត្តផងដែរ។

ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅខេត្តព្រះសីហនុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ បានប្រកាសផ្តល់នូវ «អត្ថប្រយោជន៍ពិសេស» ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនៅក្នុង ក្របខណ្ឌនៃ «កម្មវិធីពិសេស» សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបាន អត្ថប្រយោជន៍៖

* ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំបន្ថែម
* ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការ ជួសជុលកែលម្អលើអគារដែលជាប់គាំង
* ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ, ការលើកលែងពន្ធអចល នទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល
* ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំ លិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់
* ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹង ការងារសំណង់
* ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់, ការសម្រួលបែប បទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាត នានា
* ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំង ការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference Price) សម្រាប់អចល​នទ្រព្យក្នុងខេត្តព្រះសីហនុ
* ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ៕