អូស្រ្តាលី កោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ជុំវិញសេចក្តីរាយកាណ៍ពីករណីសម្លាប់ទាហាន ដែលត្រូវចាប់ខ្លួន

(ស៉ីដនី)៖ លោកនាយករដ្ឋមន្រ្តី Anthony Albanese បានឱ្យដឹងថា អូស្ត្រាលី​បានកោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៉ី ជុំវិញ​សេចក្តីរាយការណ៍ដែលថា បុរស​ម្នាក់​មកពី​ទីក្រុង​ Melbourne ​ត្រូវបាន​សម្លាប់ក្រោយត្រូវ​រុស្ស៉ី​ចាប់​ខ្លួន ខណៈ​កំពុង​ប្រយុទ្ធ​ក្នុងសង្រ្គាម​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករានេះ។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា លោក Oscar Jenkins ជាគ្រូបង្រៀនមកពីទីក្រុង Melbourne ដែលបម្រើការជាមួយយោធាអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយរុស្ស៉ីកាលពីឆ្នាំមុន ក្នុងនាមជាឈ្លើយសឹក។ វីដេអូដែលថតបាននៅពេលនោះ បង្ហាញឱ្យឃើញគាត់ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ហើយត្រូវបានគេសួរថា តើជាទាហានស៊ីឈ្នួលដែរឬអត់?។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ លោក Albanese និយាយថា «រដ្ឋាភិបាលអូស្ត្រាលីស្នើឱ្យអាជ្ញាធររុស្ស៉ី បញ្ជាក់ពីស្ថានភាពរបស់ លោក Oscar Jenkins ជាបន្ទាន់ ហើយនៅតែព្រួយបារម្ភខ្លាំង ចំពោះរបាយការណ៍ដែលថា គាត់ត្រូវបានគេសម្លាប់។ យើងនឹងរង់ចាំការពិតចេញមក ប៉ុន្តែប្រសិនបើមានគ្រោះថ្នាក់ណាមួយចំពោះ Oscar Jenkins រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន»

តាមលោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ការកោះហៅនោះ បានធ្វើឡើងកាលពីដើមសប្តាហ៍៕